យោងតាមសារព័ត៌មានបាងកកប៉ុស្តិ៍ គិតត្រឹមថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ ស្ថានភាពទឹកជំនន់នៅភាគខាងត្បូងប្រទេសថៃ កាន់តែធ្ងន់ធ្ងរទៅៗ ទឹកជំនន់បានជន់លិចស្រុកសរុប៤៧ នៃខេត្តចំនួន៥ និងប៉ះពាល់ដល់ប្រជាពលរដ្ឋជាង១២៨,០០០គ្រួសារ ខណៈចំនួនអ្នកស្លាប់ដោយសារទឹកជំនន់កើនឡើងជារឿងរាល់ថ្ងៃ។

នាយកដ្ឋានបង្ការ និងកាត់បន្ថយគ្រោះមហន្តរាយថៃ បានឲ្យដឹងថា ខេត្តចំនួន៥ ដែលរងផលប៉ះពាល់ខ្លាំងជាងគេ រួមមាន ខេត្តណៈខនស៊ីធម្មរាជ ស៊ូរ៉ាត់ថានី ជុំផន ប៉ាថាឡុង និងខេត្តរ៉ាននុង។ ខណៈដែលខេត្ត៦ទៀត ដូចជា ខេត្តទ្រុង សាទូន ស៊ុងក្លា ប៉ាតានី យ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់ ក៏កំពុងលិចលង់ដោយកន្លែងផងដែរ។

លោកតា អេនច័ន្ទជុំ អាយុ៨៥ឆ្នាំ បាននិយាយថា គាត់ធ្លាប់ជួបគ្រោះមហន្តរាយទឹកជំនន់ភក់ជាច្រើនដងពីមុនមក ក្នុងឆ្នាំ១៩៨៨ និង ២០១១ ប៉ុន្តែហេតុការណ៍ថ្ងៃនេះគឺអាក្រក់បំផុតមិនធ្លាប់ប្រទះពីមុនមកឡើយ។ ទឹកហូរចេញពីភ្នំបានហក់បុកចូលទៅក្នុងភូមិ និងតំបន់ពាណិជ្ជកម្ម បណ្តាលឱ្យផ្លូវជាច្រើនមិនអាចធ្វើដំណើរបាន។ ជាពិសេស ហេតុការបាក់ដីចុះពីភ្នំនៅលើកោះសាម៉ុយ បានឆក់យកជីវិតកម្មករសំណង់មីយ៉ាន់ម៉ា២នាក់ថែមទៀតផង។

សូមបញ្ជាក់ថា នាយកដ្ឋានឧតុនិយមថៃបានព្យាករណ៍ថា នៅថ្ងៃទី១៧ ខែធ្នូ ភាគខាងត្បូងប្រទេសថៃនឹងបន្តមានផ្គរ រន្ទះ និងភ្លៀងធ្លាក់ខ្លាំងនៅតំបន់មួយចំនួននៃផ្នែកខាងក្រោម រហូតដល់ថ្ងៃទី២២ ខែធ្នូ ដែលអាចបង្កឲ្យមានទឹកជំនន់ភ្លាមៗ និងទឹកជំនន់ព្រៃឈើនៅខេត្តចំនួន៨ ដែលរួមមាន ខេត្តណៈខនស៊ីធម្មរាជ ស៊ូរ៉ាត់ថានី, ប៉ាថាឡុង, ស៊ុងក្លា, ប៉ាតានី, យ៉ាឡា និងខេត្តណារ៉ាធីវ៉ាត់៕


Leave a Reply