ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខ នៅប្រាសាទអង្គរវត្ត ត្រូវបានលើកពេលទៅថ្ងៃទី១៣-១៤ ខែមេសា ឆ្នាំ២០២៥ វិញ

ភ្នំពេញ ៖ ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត ដែល​គ្រោង​ធ្វើឡើងនៅថ្ងៃទី១១-១២ ខែមេសានោះ ត្រូវបានលើកទៅធ្វើ​នៅ​ថ្ងៃទី​១៣-១៤ ខែមេសា ជំនួសវិញ។ នេះបើយោងតាមការជូនដំណឹងរបស់គណៈ​កម្មាធិការជាតិរៀបចំ​ពិធី​បុណ្យជាតិ និងអន្តរជាតិ។

សូមបញ្ជាក់ថា ព្រះរាជពិធីបួងសួងចម្រើនសេចក្តីសុខនៅប្រាសាទអង្គរវត្ត នឹងប្រារព្ធឡើងក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុត របស់ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ។

សម្ដេចមហាមន្ត្រី គុយ សុផល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ធ្លាប់បានគូសបញ្ជាក់ថា ការជ្រើសរើសមុខប្រាសាទអង្គរវត្ត ធ្វើជាទីតាំងសម្រាប់ប្រារព្ធព្រះរាជ​ពិធីនេះ ដោយសារតែទីតាំងនោះមានទំនាក់ទំនងគ្នាយ៉ាង​ជិតស្និទ្ធរវាងកេរដំណែលប្រវត្តិសាស្ត្រ និងព្រលឹងបុព្វបុរសខ្មែរ៕