ភ្នំពេញ ៖ លោក ជា វ៉ាន់ដេត រដ្ឋមន្រ្តីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងជាប្រធានគណៈកម្មាធិការរដ្ឋាភិបាលឌីជីថលកម្ពុជា នៅថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៥ បានបញ្ជាក់ពីការត្រៀមខ្លួនរួចរាល់របស់កម្ពុជា ក្នុងការដាក់ឱ្យដំណើរការសេវា 5G ចាប់ពីឆ្នាំ២០២៦ តទៅ។

ការបញ្ជាក់របស់ លោករដ្ឋមន្ត្រី ធ្វើឡើងក្នុងកម្មវិធីបើក «វេទិការដ្ឋាភិបាលឌីជីថលឆ្នាំ២០២៥ និងព្រឹត្តិការណ៍ជាតិ-អន្តរជាតិពាក់ព័ន្ធ» ក្រោមអធិបតីភាព លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រី។
លោករដ្ឋមន្ត្រី បានថ្លែងថា នៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធឌីជីថល ដែលជាមូលដ្ឋានគ្រឹះស្នូលនៃការធ្វើបរិវត្តកម្មឌីជីថលបច្ចុប្បន្ននេះ កម្ពុជាមានអត្រាគ្របដណ្ដប់នៃសេវាទូរសព្ទចល័តជំនាន់ទី៤ ឬសេវា 4G មានរហូតដល់៩៤.៧% នៃចំនួនប្រជាជនសរុប។

ក្នុងរយៈពេលជាង៥ ឆ្នាំមកនេះ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានធ្វើការកែទម្រង់យ៉ាងស៊ីជម្រៅ នៅក្នុងវិស័យទូរគមនាគមន៍ តាមរយៈការពង្រឹងនិយ័តកម្ម និងការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែម នៅទូទាំងប្រទេស។ ការជំរុញ និងធ្វើការយ៉ាងជិតស្និទ្ធជាមួយគ្រប់ប្រតិបត្តិករទាំងអស់ ឱ្យរៀបចំផែនការវិនិយោគស្ថាបនាហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍បន្ថែម ធ្វើយ៉ាងណាពង្រឹងគុណភាព និងពង្រីកវិសាលភាពគ្របដណ្ដប់នៃសេវា 4G ឱ្យកាន់តែល្អប្រសើរនៅទូទាំងប្រទេស ហើយក្នុងពេលតែមួយអាចកៀរគរចំណូល ជូនរដ្ឋឱ្យបានកាន់តែល្អប្រសើរ។
លោករដ្ឋមន្ត្រី បន្ថែមថា ផ្អែកតាមអនុសាសន៍ណែនាំរបស់ សម្តេចមហាបវរធិបតី នាយករដ្ឋមន្ត្រី និងផ្អែកលើមូលដ្ឋានគ្រឹះនៃការលើកកម្ពស់គុណភាពសេវា 4G ដែលក្រសួងបានធ្វើកន្លងមកនេះ ក្រសួង ក៏នឹងបានសិក្សាយ៉ាងស៊ីជម្រៅអំពីវិធីសាស្ត្រ ក្នុងការដាក់ឱ្យដំណើរការសេវាទូរសព្ទចល័តជំនាន់ទី៥ ឬសេវា 5G ចាប់ពីខែមករា ឆ្នាំ២០២៦ ទៅ៕






































Leave a Reply