ក្រសួងការពារជាតិកម្ពុជា ច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃ មកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ

ភ្នំពេញ ៖ ក្រសួងការពារជាតិកម្ពុជា បានបដិសេធ និងច្រានចោលទាំងស្រុង ចំពោះការចោទប្រកាន់របស់កងទ័ពភូមិភាគទី២ថៃមកលើកម្ពុជា ក្នុងគោលបំណងបំភ័ន្តសហគមន៍អន្តរជាតិ និងលាក់កំបាំងនូវមហិច្ឆតារំលោភបំពានខុសច្បាប់របស់ខ្លួន ចូលមកដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

យោងតាមសេចក្តីប្រកាសព័ត៌មាន លោកស្រី ឧត្តមសេនីយ៍ឯក ម៉ាលី សុជាតា អ្នកនាំពាក្យក្រសួងការពារជាតិកម្ពុជា បានជម្រាបជូនសាធារណជន អ្នកសារព័ត៌មានជាតិ និងអន្តរជាតិ ថា នៅថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥ព្រឹកមិញនេះ ក្នុងផេកផ្លូវការរបស់កងទ័ពភូមិភាគទី២ ថៃ បានចេញផ្សាយថា «មានករណីផ្ទុះមីនចំនួនមួយគ្រាប់ នៅតំបន់ហួយតាម៉ារៀ កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល និងបានចោទប្រកាន់ថា ជាមីនដែលបានដាក់ដោយកម្ពុជា»។

លោកស្រី អ្នកនាំពាក្យ គូសបញ្ជាក់ថា « សូមជម្រាបជូនសាធារណជនថា បើយោងតាមព័ត៌មានដែលទទួលបានពីយោធភូមិភាគទី៤ របស់កម្ពុជា បានបញ្ជាក់ថា កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ២០២៥ នៅវេលាម៉ោង ១៤:២០នាទីរសៀល គឺ ពុំមានឮសម្លេងផ្ទុះគ្រាប់មីន ដូចការអះអាងរបស់កងទ័ពភូមិភាគទី២ថៃឡើយ»។ 

ក្រសួងការពារជាតិ បានបញ្ជាក់យ៉ាងមុតមាំសាជាថ្មីថា ចាប់តាំងពីក្លាយជារដ្ឋភាគីនៃអនុសញ្ញាអូតាវ៉ា កម្ពុជាតែងតែប្រកាន់ខ្ជាប់នូវគោលការណ៍ និងកាតព្វកិច្ចរបស់ខ្លួននៅក្រោមច្បាប់អន្តរជាតិ ដោយមិនដែលដាក់មីនថ្មីដែលគំរាមកំហែងដល់សន្តិសុខ និងសុវត្ថិភាពរបស់មនុស្សជាតិនោះឡើយ។ កម្ពុជាក៏សូមអំពាវនាវឱ្យភាគីថៃបញ្ឈប់ជាបន្ទាន់ការយកបញ្ហាមីនដែលជាព័ត៌មានមិនពិត ដើម្បីធ្វើជាលេសរំលោភបំពានមកលើដែនអធិបតេយ្យស្របច្បាប់របស់កម្ពុជា។

ក្រសួងការពារជាតិកម្ពុជា បន្តប្តេជ្ញាចិត្តក្នុងការគោរពយ៉ាងម៉ឺងម៉ាត់សេចក្តីថ្លែងការណ៍រួមស្តីពីសន្តិភាពរវាងកម្ពុជានិងថៃ ដែលត្រូវបានចុះហត្ថលេខាកាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៥  ជាពិសេសពាក់ព័ន្ធនឹងការទប់ស្កាត់ព័ត៌មានក្លែងក្លាយ ឬព័ត៌មានមិនពិត ក្នុងគោលបំណងបន្ធូរបន្ថយភាពតានតឹង និងបង្កើតបរិយាកាសអំណោយផលដល់ការរក្សាសន្តិភាព និងស្ថិរភាពរវាងប្រទេសទាំងពីរ៕