សម្ដេចធិបតី ៖ ទាំងស្ថាប័ន្ធរដ្ឋ និងវិស័យឯកជន បានទទួលយកជនមានពិការភាពជាង ១ម៉ឺននាក់ ឱ្យចូលបម្រើការងារ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាប្រធានកិត្តិយសក្រុមប្រឹក្សាសកម្មភាពជនពិការ បានឲ្យដឹងថា ទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជន បានទទួលយកជនមានពិការភាព ចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារ ដោយទទួលបានប្រាក់ចំណូល និងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារ។

យោងសារលិខិតរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងឱកាសទិវាជនមានពិការភាពកម្ពុជាលើកទី២៧ និងអន្តរជាតិលើកទី៤៣ ក្រោមប្រធានបទ «បរិយាបន្នពិការភាពលើគ្រប់វិស័យដើម្បីលើកកម្ពស់វឌ្ឍនភាពសង្គម» ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០២៥ សម្ដេចធិបតី បានលើកឡើងថា គិតត្រឹមខែតុលា ឆ្នាំ២០២៥នេះ មានក្រសួង ស្ថាប័នចំនួន៤០ បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៧ ៥០២នាក់ ក្នុងនោះ ស្ត្រីមានពិការភាពចំនួន១ ០៣៥នាក់ ជនមានពិការភាពកម្រិតធ្ងន់ចំនួន៣ ០៣៥នាក់ បើគិតជាភាគរយគឺស្មើនឹង២,៤៨%។

ដោយឡែក វិស័យឯកជន រួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ និងក្រុមហ៊ុននានា បានចុះបញ្ជីកា និងទទួលបានវិញ្ញាបនបត្រ លើការអនុវត្តច្បាប់ស្តីពីកិច្ចការពារនិងលើកកម្ពស់សិទ្ធិជនពិការទូទាំងប្រទេសមានសរុបចំនួន៤៦៦ និង បានទទួលយកជនមានពិការភាពចូលបម្រើការងារសរុបចំនួន៦ ៩០៥នាក់ ក្នុងនោះស្ត្រីមានពិការភាពចំនួន ៤ ៥២៧នាក់។

សម្ដេចធិបតី បានគូសបញ្ជាក់ថា «ហេតុនេះសរុបទាំងក្រសួង ស្ថាប័នសាធារណៈ និងវិស័យឯកជននៅទូទាំងប្រទេសបានទទួល យកជនមានពិការភាពតាមអត្រាកំណត់នៃច្បាប់សរុបចំនួន១៤ ៤០៧នាក់ ឱ្យបម្រើការងារដោយទទួលបាន ប្រាក់ចំណូលនិងអត្ថប្រយោជន៍សង្គម ទៅតាមមុខតំណែង តួនាទី និងការងារ ស្របតាមសមត្ថភាព និងទេពកោសល្យរៀងៗខ្លួន»។

សូមរំលឹកថា គិតមកដល់ឆ្នាំ២០២៥ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បាននិងកំពុងដំណើរការអនុវត្តកម្មវិធីកំណត់អត្តសញ្ញាណកម្មពិការភាពតាមគំរូសង្គម និងសិទ្ធិជាមូលដ្ឋាន ដែលបច្ចុប្បន្នជនមានពិការភាពចំនួន៣៥៥ ២៨០នាក់ ក្នុងនោះ ស្ត្រី ចំនួន១៧៤ ០១៣នាក់ ត្រូវបានកំណត់អត្តសញ្ញាណតាមរយៈជនបង្គោលនៅឃុំ សង្កាត់ទូទាំងប្រទេស ហើយបានផ្តល់បណ្ណសម្គាល់ជនមានពិការភាព បានចំនួន២៨៩ ៥៤៣បណ្ណ ក្នុងនោះស្ត្រីចំនួន ១៤១ ០៨៥នាក់៕