
កោះកុង ៖ នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២៥នេះ លោក ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ បានអញ្ជើញជាអធិបតីក្នុងពីធីប្រកាសទទួលស្គាល់ជាផ្លូវការខេត្តកោះកុង ជាខេត្តទី២៥ ទទួលបានជ័យលាភីបញ្ចប់ការបន្ទោបង់ពាសវាលពាសកាល (ODF) ដែលជាសមិទ្ធផលថ្មីនៃប្រវត្តិសាស្ត្រកម្ពុជា បង្ហាញឱ្យឃើញថាគ្រប់រាជធានី ខេត្តនៅទូទាំងព្រះរាជាណាចក្រកម្ពុជា បានបញ្ចប់ការបន្ទោបង់ពាសវាលពាស (ODF)។

លោក ឆាយ ឫទ្ធិសែន បានសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងសមិទ្ធផលនានា ដែលខេត្តកោះកុងសម្រេចបាននាពេលនេះ លើគ្រប់វិស័យ ជាពិសេសការផ្លាស់ប្តូរកម្រិតជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ ការកែលម្អលក្ខខណ្ឌនៃការរស់នៅ តាមរយៈការផ្គត់ផ្គង់សេវាទឹកស្អាត និងការប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ។

សមិទ្ធផលនេះ បង្ហាញថា ប្រជាជនកម្ពុជាគ្រប់រូប មានការផ្លាស់ប្តូរទម្លាប់រស់នៅប្រចាំថ្ងៃរបស់ខ្លួន ដោយទទួលទានទឹកស្អាតដើម្បីធ្វើឱ្យមានសុខភាពល្អ ប្រើប្រាស់បង្គន់អនាម័យបានត្រឹមត្រូវ ថែរក្សាបរិស្ថានរស់នៅល្អ ដើម្បីជៀសផុតពីជំងឺឆ្លងផ្សេងៗ ជាហេតុធ្វើឱ្យអាយុកាលសង្ឃឹមរស់ជាមធ្យមរបស់ប្រជាជនកម្ពុជាកាន់តែវែង ដែលជាបំណងប្រាថ្នារបស់មនុស្សគ្រប់រូប។

លោក រដ្ឋមន្រ្ដី បានមានប្រសាសន៍បន្ថែមទៀតថា ក្រសួងបាននិងកំពុងបន្តអនុវត្តផែនការសកម្មភាពជាតិ ស្តីពីការផ្គត់ផ្គង់ទឹក ការសម្អាត និងអនាម័យជនបទ ដែលជាលទ្ធផលអត្រាគ្របដណ្តប់ទឹកស្អាត និងអនាម័យទូទាំងប្រទេសសម្រេចបាន ៩១.៩៨% ហើយប្តេជ្ញាចិត្តថាត្រូវតែសម្រេច ឱ្យបាន ១០០% នៅត្រឹមឆ្នាំ២០៣០៕







































Leave a Reply